3. ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។
4. ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។
5. រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។
6. ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានក្រុងសម្រាប់ជាជម្រកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។
7. សរុបចំនួនក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងដីដែលនៅជុំវិញក្រុងទាំងនោះផង។
8. កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
10. «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ
11. ចូរជ្រើសរើសយកក្រុងខ្លះធ្វើក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន។
12. ក្រុងទាំងនោះជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្ដីឡើយ។
13. ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។
14. ក្រុងជម្រកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។
15. ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា បានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។
16. ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។