27. ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជម្រក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។
28. អ្នកសម្លាប់គេត្រូវរស់នៅក្នុងក្រុងជម្រក រហូតដល់មហាបូជាចារ្យទទួលមរណភាព។ ក្រោយពេលមហាបូជាចារ្យទទួលមរណភាពផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
29. អ្នករាល់គ្នាត្រូវអនុវត្តតាមវិន័យនេះ ទុកជាច្បាប់គ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
30. គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។
31. មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។
32. មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជម្រក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយមរណភាពរបស់មហាបូជាចារ្យ។
33. មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅរស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
34. កុំធ្វើឲ្យស្រុកដែលអ្នករាល់គ្នាចូលទៅរស់នៅ ក្លាយទៅជាសៅហ្មងឡើយ។ យើងក៏នៅក្នុងចំណោមអ្នករាល់គ្នាដែរ ដ្បិតយើងជាព្រះអម្ចាស់ ដែលស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល»។