22. ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន
23. ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្ដាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ
24. សហគមន៍ត្រូវសម្រុះសម្រួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមវិន័យស្ដីអំពីករណីនេះ។
25. សហគមន៍ត្រូវរំដោះអ្នកដែលធ្វើឲ្យគេស្លាប់នោះ ពីកណ្ដាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងសក្ការៈ ទទួលមរណភាព។
26. ប្រសិនបើអ្នកសម្លាប់គេចេញទៅក្រៅទីក្រុងដែលខ្លួនរត់ទៅជ្រក
27. ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជម្រក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។
28. អ្នកសម្លាប់គេត្រូវរស់នៅក្នុងក្រុងជម្រក រហូតដល់មហាបូជាចារ្យទទួលមរណភាព។ ក្រោយពេលមហាបូជាចារ្យទទួលមរណភាពផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
29. អ្នករាល់គ្នាត្រូវអនុវត្តតាមវិន័យនេះ ទុកជាច្បាប់គ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
30. គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។
31. មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។
32. មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជម្រក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយមរណភាពរបស់មហាបូជាចារ្យ។