12. ក្រុងទាំងនោះជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្ដីឡើយ។
13. ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។
14. ក្រុងជម្រកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។
15. ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា បានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។
16. ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។
17. ប្រសិនបើគេយកដុំថ្មវាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក។ ឃាតកត្រូវទទួលទោសប្រហារជីវិត។
18. ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក។ ឃាតកត្រូវទទួលទោសប្រហារជីវិត។
19. អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។
20. ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្ដាលឲ្យគេស្លាប់
21. ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្ដាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
22. ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន
23. ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្ដាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ
24. សហគមន៍ត្រូវសម្រុះសម្រួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមវិន័យស្ដីអំពីករណីនេះ។