38. លោកបូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។
39. ពេលលោកអើរ៉ុនទទួលមរណភាពនៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។
40. ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។
41. ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំហោរ មកបោះជំរំនៅសាល់ម៉ូណា។
42. ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។
43. ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។
44. ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ដែលនៅជាយដែនស្រុកម៉ូអាប់។
45. ពួកគេចាកចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។
46. ពួកគេចាកចេញពីឌីបូន-កាដ មកបោះជំរំនៅអាល់ម៉ូន-ឌីប្លាថែម។
47. ពួកគេចាកចេញពីអាល់ម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។
48. ពួកគេចាកចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
49. ពួកគេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម នៅវាលទំនាបស្រុកម៉ូអាប់។
50. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូ
51. ដូចតទៅ៖ «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា: នៅពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន
52. ចូរបណ្ដេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកម្ទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។
53. ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។
54. ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោត តាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
55. ប្រសិនបើអ្នករាល់គ្នាមិនបណ្ដេញប្រជាជននៅក្នុងស្រុកចេញពីមុខអ្នករាល់គ្នាទេ ពួកគេនឹងប្រៀបដូចជាកម្ទេចឈើនៅក្នុងភ្នែករបស់អ្នករាល់គ្នា ឬដូចម្ជុលជាប់នៅក្នុងឆ្អឹងជំនីររបស់អ្នករាល់គ្នា គឺពួកគេនឹងធ្វើជាបច្ចាមិត្តរបស់អ្នករាល់គ្នា នៅក្នុងស្រុកដែលអ្នករាល់គ្នាទៅរស់នៅ។
56. ចូរប្រយ័ត្នក្រែងលោយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចយើងបានសម្រេចប្រព្រឹត្តចំពោះពួកគេដែរ»។