2. លោកម៉ូសេបានកត់ត្រាទុកពីដំណាក់មួយទៅដំណាក់មួយ ដែលពួកគេធ្វើដំណើរតាមព្រះបញ្ជារបស់ព្រះអម្ចាស់។ ពួកគេឆ្លងកាត់ដំណាក់ដូចតទៅ:
3. ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។
4. ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
5. ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសេសមកបោះជំរំនៅស៊ូកូត។
6. ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។
7. ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីកដុល។
8. ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។
9. ពួកគេចាកចេញពីម៉ារ៉ាមកដល់អេលីម នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។
10. ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រកក់។
11. ពួកគេចាកចេញពីសមុទ្រកក់ មកបោះជំរំនៅវាលរហោស្ថានស៊ីន។
12. ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។