4. នៅក្នុងស្រុកដែលព្រះអម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។
5. ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
6. លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ?
7. ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ?
8. ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-បារនាឲ្យទៅពិនិត្យមើលស្រុកដែរ។
9. ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ។
10. នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
11. “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។
12. មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។
13. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ត្រូវបាត់បង់ជីវិតអស់។
14. ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ?
15. ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ នោះព្រះអង្គនឹងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងវាលរហោស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្ដាលឲ្យប្រជាជននេះត្រូវវិនាសទាំងអស់!»។
16. កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។
17. បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។
18. រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។