2. កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖
3. «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូ និងបេអូន
4. នៅក្នុងស្រុកដែលព្រះអម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។
5. ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
6. លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ?
7. ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ?
8. ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-បារនាឲ្យទៅពិនិត្យមើលស្រុកដែរ។
9. ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ។
10. នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
11. “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។
12. មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។