41. លោកម៉ូសេប្រគល់ជយភ័ណ្ឌដែលញែកជាតង្វាយរបស់ព្រះអម្ចាស់ ទៅបូជាចារ្យអេឡាសារ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោក។
42. រីឯជយភ័ណ្ឌចំនួនពាក់កណ្ដាលទៀតដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែល លោកម៉ូសេញែកទុកដោយឡែកពីជយភ័ណ្ឌ ដែលត្រូវបានទៅពួកទាហាន។
43. ជយភ័ណ្ឌនេះត្រូវបានជាចំណែករបស់សហគមន៍ គឺចៀម ៣៣៧ ៥០០ ក្បាល
44. គោ ៣៦ ០០០ ក្បាល
45. លា ៣០ ៥០០ ក្បាល
46. និងមនុស្ស ១៦ ០០០ នាក់។
47. ក្នុងចំនួនពាក់កណ្ដាលនៃជយភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារព្រះពន្លារបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោក។
48. ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច នាំគ្នាចូលមកជិតលោកម៉ូសេ
49. ជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។
50. យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ»។
51. លោកម៉ូសេ និងបូជាចារ្យអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។
52. មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។