15. លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ?
16. គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់ទាញអ៊ីស្រាអែលឲ្យក្បត់ចិត្តព្រះអម្ចាស់ នៅពេអរ បណ្ដាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះអម្ចាស់។
17. ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ
18. ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្រមុំ សម្រាប់អ្នករាល់គ្នា គឺស្ត្រីដែលពុំបានរួមរស់ជាមួយបុរសណានៅឡើយ។
19. ចំណែកឯអ្នករាល់គ្នាវិញ ចូរបោះជំរំនៅខាងក្រៅនេះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះពាល់សាកសព ត្រូវធ្វើពិធីជម្រះកាយនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។
20. ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។
21. លោកបូជាចារ្យអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងក្រឹត្យវិន័យដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ មានចែងដូចតទៅ:
22. មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ
23. គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបរិសុទ្ធ។
24. ត្រូវលាងជម្រះសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញ»។
25. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
26. «ចូរអ្នក និងបូជាចារ្យអេឡាសារ ព្រមទាំងមេដឹកនាំរបស់សហគមន៍ នាំគ្នារាប់ចំនួនជយភ័ណ្ឌដែលរឹបអូសបានក្នុងសង្គ្រាម ព្រមទាំងចំនួនមនុស្ស និងសត្វ។
27. បន្ទាប់មក ចូរបែងចែកជយភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។
28. ចូរញែកជយភ័ណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ថ្វាយព្រះអម្ចាស់ ពោលគឺក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។
29. ចូរយកចំណែកដែលញែកចេញពីជយភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យបូជាចារ្យអេឡាសារ ទុកជាតង្វាយថ្វាយព្រះអម្ចាស់។