1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកឲ្យជនជាតិអ៊ីស្រាអែល។ បន្ទាប់មក អ្នកនឹងចែកស្ថានទៅជួបជុំជាមួយដូនតារបស់អ្នក»។
3. លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកនឹងពួកគេ ក្នុងនាមព្រះអម្ចាស់។
4. ក្នុងកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវចាត់ពលទាហានមួយពាន់នាក់។
5. ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ ក្នុងកងពលអ៊ីស្រាអែល គឺកងទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។
6. លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់បូជាចារ្យភីនេហាស ជាកូនរបស់លោកអេឡាសារ ជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។
7. ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។
8. ក្នុងពេលនោះ ពួកគេបានប្រហារស្ដេចម៉ាឌានទាំងប្រាំ គឺស្ដេចអេវី ស្ដេចរេគេម ស្ដេចស៊ើរ ស្ដេចហើរ និងស្ដេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។
9. កងទ័ពអ៊ីស្រាអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។
10. កងទ័ពអ៊ីស្រាអែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។
11. បន្ទាប់មក ពួកគេប្រមូលជយភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្ស ទាំងសត្វ
12. ហើយនាំឈ្លើយសឹក និងជយភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
13. លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។
14. លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។
15. លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ?
16. គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់ទាញអ៊ីស្រាអែលឲ្យក្បត់ចិត្តព្រះអម្ចាស់ នៅពេអរ បណ្ដាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះអម្ចាស់។
17. ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ
18. ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្រមុំ សម្រាប់អ្នករាល់គ្នា គឺស្ត្រីដែលពុំបានរួមរស់ជាមួយបុរសណានៅឡើយ។