40. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។
41. ចូរញែកពួកលេវីទុកដោយឡែក សម្រាប់យើង ជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ»។
42. លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
43. កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២ ២៧៣នាក់។
44. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
45. «ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាព្រះអម្ចាស់។
46. ដើម្បីលោះចំនួនពួកលេវីដែលលើស២៧៣នាក់នោះ
47. ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោលគឺម្ភៃកេរ៉ា*។
48. ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យអើរ៉ុន និងកូនចៅរបស់គាត់»។
49. លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី
50. គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែល មានចំនួនទាំងអស់ ១ ៣៦៥ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។
51. លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអើរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។