35. មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។
36. កូនចៅម៉្រារីទទួលបន្ទុកផ្នែកខាងបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។
37. ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
38. លោកម៉ូសេ ព្រមទាំងលោកអើរ៉ុន និងកូនចៅរបស់លោក បោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូល អ្នកឯទៀតៗចូលមកជិតទីសក្ការៈ នឹងត្រូវទទួលទោសដល់ស្លាប់។
39. ចំនួនក្រុមលេវីដែលព្រះអម្ចាស់បង្គាប់ឲ្យលោកម៉ូសេ និងលោកអើរ៉ុន រាប់តាមអំបូររបស់ពួកគេ ដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០ នាក់។