23. អំបូរគើសូនបោះជំរំនៅខាងក្រោយព្រះពន្លា គឺនៅទិសខាងលិច។
24. មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។
25. នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់
26. ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។
27. លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។
28. ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។
29. អំបូរនានារបស់កូនចៅកេហាត់បោះជំរំនៅខាងត្បូងព្រះពន្លា។
30. មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។
31. កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
32. មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
33. លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលម៉ូស៊ី។
34. ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦ ២០០ នាក់។
35. មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។