2. កូនរបស់លោកអើរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
3. នេះជាឈ្មោះកូនប្រុសរបស់លោកអើរ៉ុន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាបូជាចារ្យ។
4. លោកណាដាប់ និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
6. «ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអើរ៉ុន ដើម្បីជួយបំពេញការងារគាត់។
7. ពួកគេមានភារកិច្ចបំពេញមុខងារបម្រើអើរ៉ុន និងបម្រើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបម្រើកិច្ចការនៅក្នុងព្រះពន្លា។
8. ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។
9. ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យអើរ៉ុន។
10. ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
12. «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
13. ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។