10. ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
12. «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
13. ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃថា៖
15. «ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
16. លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
17. កូនប្រុសរបស់លោកលេវីមាននាមដូចតទៅ: គើសូន កេហាត់ និងម៉្រារី។
18. កូនរបស់លោកគើសូនមានលីបនី និងស៊ីម៉ៃ ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
19. កូនរបស់លោកកេហាត់ មានអាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
20. កូនរបស់លោកម៉្រារីមានម៉ាលី និងមូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយនៃកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់គេ។
21. លោកគើសូនត្រូវជាបុព្វបុរសរបស់អំបូរគើសូន ដែលចែកចេញជាត្រកូលលីបនី និងត្រកូលស៊ីម៉ៃ។