1. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអើរ៉ុន និងលោកម៉ូសេ នៅគ្រាដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។
2. កូនរបស់លោកអើរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
3. នេះជាឈ្មោះកូនប្រុសរបស់លោកអើរ៉ុន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាបូជាចារ្យ។
4. លោកណាដាប់ និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
6. «ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអើរ៉ុន ដើម្បីជួយបំពេញការងារគាត់។
7. ពួកគេមានភារកិច្ចបំពេញមុខងារបម្រើអើរ៉ុន និងបម្រើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបម្រើកិច្ចការនៅក្នុងព្រះពន្លា។