6. ថែមពីលើតង្វាយដុតប្រចាំខែ និងតង្វាយម្សៅដែលត្រូវថ្វាយជាមួយតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ ដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
7. «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
8. ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
9. ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយជាមួយប្រេង សម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល
10. និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
11. ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយសុំរំដោះបាប តង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
12. «នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
13. ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14. ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ
15. និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។
16. ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។