5. ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា
6. ថែមពីលើតង្វាយដុតប្រចាំខែ និងតង្វាយម្សៅដែលត្រូវថ្វាយជាមួយតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ ដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
7. «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
8. ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
9. ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយជាមួយប្រេង សម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល
10. និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
11. ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយសុំរំដោះបាប តង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
12. «នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
13. ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14. ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ
15. និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។
16. ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
17. នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
18. មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។