7. ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។
8. ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
9. «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។
10. រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។
11. «នៅដើមខែ ត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
12. គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា លាយជាមួយប្រេង។
13. កូនចៀមនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14. រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន*សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។
15. លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។
16. «នៅថ្ងៃទីដប់បួនក្នុងខែទីមួយ ជាថ្ងៃបុណ្យចម្លង*របស់ព្រះអម្ចាស់។
17. ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃផ្ដើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
18. នៅថ្ងៃទីមួយនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
19. ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
20. ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង សម្រាប់គោមួយ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ
21. មួយភាគដប់នៃអេផា សម្រាប់កូនចៀមមួយ។
22. ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។