17. ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃផ្ដើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
18. នៅថ្ងៃទីមួយនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
19. ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
20. ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង សម្រាប់គោមួយ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ
21. មួយភាគដប់នៃអេផា សម្រាប់កូនចៀមមួយ។
22. ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
23. ត្រូវថ្វាយសត្វទាំងនេះជាយញ្ញបូជាថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។
24. រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ ចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញបូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រា ដែលត្រូវច្រួចជាមួយ។
25. នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។
26. «នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកថ្វាយព្រះអម្ចាស់ ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។