15. លោកម៉ូសេទូលព្រះអម្ចាស់ថា៖
16. «សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រាអែលផង។
17. អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
18. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។
19. ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។
20. ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។
21. យ៉ូស្វេត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម* ដើម្បីដឹងពីការសម្រេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រាអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។
22. លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ លោកនាំលោកយ៉ូស្វេមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។
23. លោកដាក់ដៃលើលោកយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។