48. កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាស៊ាលជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី
49. អំបូរយេស៊ើរជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។
50. អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។
51. ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។
52. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
53. «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ
54. គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេ តាមចំនួនដែលបានជំរឿន។
55. ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
56. ទឹកដីនេះនឹងត្រូវចែកឲ្យពួកគេ តាមចំនួនតិច ឬច្រើន ដោយការចាប់ឆ្នោត»។
57. ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើរសុនជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។
58. រីឯអំបូរឯទៀតៗនៃកូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។
59. ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអើរ៉ុន លោកម៉ូសេ និងនាងម៉ារាម ជាបងស្រីរបស់លោក។
60. លោកអើរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
61. លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។
62. ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
63. នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារបានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
64. ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអើរ៉ុន បានជំរឿនលើកមុន នៅវាលរហោស្ថានស៊ីណៃឡើយ
65. ដ្បិតព្រះអម្ចាស់បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។