7. ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។
8. គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។
9. គ្រោះកាចនេះបណ្ដាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
11. «ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន បានសម្តែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។
12. ហេតុនេះ ចូរប្រាប់ភីនេហាសថាយើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាព។
13. តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និងពូជពង្សរបស់គេ ឲ្យបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រាអែលរួចពីបាបផង»។
14. បុរសអ៊ីស្រាអែល ដែលលោកភីនេហាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។