1. ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។
2. ស្ត្រីទាំងនោះបបួលប្រជាជនឲ្យទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។
3. ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងពួកគេ។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរ-កពួកគេហាលថ្ងៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។
5. លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។
6. ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
7. ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។
8. គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។
9. គ្រោះកាចនេះបណ្ដាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
11. «ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន បានសម្តែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។
12. ហេតុនេះ ចូរប្រាប់ភីនេហាសថាយើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាព។