31. ពេលនោះ ព្រះអម្ចាស់បំភ្លឺឲ្យលោកបាឡាមមើលឃើញទេវតារបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ លោកក៏ក្រាបចុះអោនមុខដល់ដី។
32. ទេវតារបស់ព្រះអម្ចាស់ពោលមកលោកថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់លោក ដ្បិតផ្លូវដែលលោកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។
33. លាញីបានឃើញខ្ញុំ វាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវា»។
34. លោកបាឡាមពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តឲ្យខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។
35. ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។
36. ព្រះបាទបាឡាក់ជ្រាបថាលោកបាឡាមមកដល់ ស្ដេចក៏យាងចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។
37. ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។
38. លោកបាឡាមទូលស្ដេចថា៖ «ឥឡូវនេះ ទូលបង្គំមកគាល់ព្រះករុណាហើយ។ ក៏ប៉ុន្តែ ទូលបង្គំពុំអាចពោលពាក្យអ្វីផ្សេង ក្រៅពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំថ្លែងនោះឡើយ»។
39. លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគារយ៉ាត់-ហាសូត។
40. ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយជូនសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។
41. លុះព្រឹកឡើង ព្រះបាទបាឡាក់បាននាំលោកបាឡាមឡើងទៅបាម៉ុត-បាល។ នៅកន្លែងនោះ លោកអាចមើលឃើញប្រជាជនអ៊ីស្រាអែលមួយចំនួន។