2. ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។
3. ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។
4. ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌានថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ សោយរាជ្យនៅស្រុកម៉ូអាប់។
5. ព្រះបាទបាឡាក់បានចាត់អ្នកនាំសារឲ្យទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរ ដែលស្ថិតនៅមាត់ទន្លេ ជាស្រុកកំណើតរបស់លោក ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។
6. ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។
7. ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។