14. មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។
15. ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។
16. ពួកគេទៅដល់ផ្ទះរបស់លោកបាឡាម ជម្រាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ មានរាជឱង្ការថា “សូមអញ្ជើញលោកមកជួបយើង កុំបីអាក់ខាន
17. ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។
18. លោកបាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។
19. ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។
20. នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។
21. លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។
22. ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវតា*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។
23. លាញីបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។
24. ទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។
25. លាញីឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។