12. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។
13. លោកបាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំដែលព្រះបាទបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ ព្រះអម្ចាស់មិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
14. មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។
15. ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។
16. ពួកគេទៅដល់ផ្ទះរបស់លោកបាឡាម ជម្រាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ មានរាជឱង្ការថា “សូមអញ្ជើញលោកមកជួបយើង កុំបីអាក់ខាន
17. ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។
18. លោកបាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។
19. ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។
20. នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។