27. ហេតុនេះហើយបានជាពួកកវីតែងពោលថា៖ចូរនាំគ្នាមកហែសបូន!ចូរសង់ក្រុងរបស់ស្ដេចស៊ីហុនហើយរៀបចំឲ្យដូចដើមឡើងវិញ!
28. ដ្បិតមានភ្លើងមួយចេញពីហែសបូនអណ្ដាតភ្លើងមួយចេញពីក្រុងរបស់ស្ដេចស៊ីហុនឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។
29. ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ!ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយអ្នកអន្តរាយហើយ!ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួនរត់ខ្ចាត់ខ្ចាយហើយប្រគល់កូនស្រីរបស់ខ្លួនទៅជាឈ្លើយរបស់ព្រះបាទស៊ីហុន ជាស្ដេចស្រុកអាម៉ូរី!
30. ពួកយើងបានបាញ់ព្រួញទៅលើពួកគេយើងបានកម្ទេចស្រុករបស់ពួកគេចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូនយើងបានបំផ្លាញស្រុករបស់ពួកគេរហូតដល់ក្រុងណូផាដែលនៅជាប់នឹងក្រុងមេឌីបា។
31. ជនជាតិអ៊ីស្រាអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។
32. លោកម៉ូសេបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។
33. បន្ទាប់មក ជនជាតិអ៊ីស្រាអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រាអែល នៅអេទ្រី។
34. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្ដេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។