26. ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។
27. ហេតុនេះហើយបានជាពួកកវីតែងពោលថា៖ចូរនាំគ្នាមកហែសបូន!ចូរសង់ក្រុងរបស់ស្ដេចស៊ីហុនហើយរៀបចំឲ្យដូចដើមឡើងវិញ!
28. ដ្បិតមានភ្លើងមួយចេញពីហែសបូនអណ្ដាតភ្លើងមួយចេញពីក្រុងរបស់ស្ដេចស៊ីហុនឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។
29. ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ!ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយអ្នកអន្តរាយហើយ!ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួនរត់ខ្ចាត់ខ្ចាយហើយប្រគល់កូនស្រីរបស់ខ្លួនទៅជាឈ្លើយរបស់ព្រះបាទស៊ីហុន ជាស្ដេចស្រុកអាម៉ូរី!
30. ពួកយើងបានបាញ់ព្រួញទៅលើពួកគេយើងបានកម្ទេចស្រុករបស់ពួកគេចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូនយើងបានបំផ្លាញស្រុករបស់ពួកគេរហូតដល់ក្រុងណូផាដែលនៅជាប់នឹងក្រុងមេឌីបា។
31. ជនជាតិអ៊ីស្រាអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។
32. លោកម៉ូសេបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។
33. បន្ទាប់មក ជនជាតិអ៊ីស្រាអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រាអែល នៅអេទ្រី។
34. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្ដេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។
35. ជនជាតិអ៊ីស្រាអែលក៏វាយស្ដេចអុក ព្រមទាំងបុត្ររបស់ស្ដេច និងកងទ័ពទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មក ពួកគេកាន់កាប់ស្រុករបស់ស្ដេចនោះ។