2. ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។
3. ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោរម៉ា”។
4. ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត
5. ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។
6. ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជនជាតិអ៊ីស្រាអែល។
7. ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្ដេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឲ្យប្រជាជន។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។
9. លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។
10. ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។
11. ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។
12. ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។
13. ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
14. ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ«សង្គ្រាមរបស់ព្រះអម្ចាស់»ស្ដីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះ ស្ទឹងអើណូន
15. ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។