10. ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។
11. ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។
12. ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។
13. ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
14. ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ«សង្គ្រាមរបស់ព្រះអម្ចាស់»ស្ដីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះ ស្ទឹងអើណូន
15. ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។
16. បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។
17. នៅទីនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងចម្រៀងមួយបទដូចតទៅ:«អណ្ដូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង!ចូរបន្លឺសំឡេងអបអរ!
18. អណ្ដូងដែលពួកមេដឹកនាំបានខួងអណ្ដូងដែលពួកវីរជនបានជីកដោយប្រើដំបងរាជ្យ និងឈើច្រត់!»។
19. បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាថាណា ពីម៉ាថាណាទៅណាហាលាល ពីណាហាលាលទៅបាម៉ុត
20. ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅជាប់វាលរហោស្ថាន។
21. ជនជាតិអ៊ីស្រាអែលចាត់អ្នកនាំសារឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ទូលថា៖
22. «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះករុណា»។
23. ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្ដេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។
24. ជនជាតិអ៊ីស្រាអែលបានប្រហារព្រះបាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។
25. ជនជាតិអ៊ីស្រាអែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។
26. ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។