3. ប្រជាជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នោះប្រសើរជាង!
4. ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ព្រះអម្ចាស់ឲ្យមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ?
5. ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។
6. លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញ។
7. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
8. «ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។
9. លោកម៉ូសេយកដំបងដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអង្គបានបង្គាប់លោក។
10. លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នា នៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បាន ឬមិនបាន?»។
11. លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសម្តែងឲ្យកូនចៅអ៊ីស្រាអែលស្គាល់ភាពវិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំនុំនេះចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យពួកគេឡើយ»។
13. គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។
14. លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
15. បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។
16. យើងខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវតា*មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។
17. យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចម្ការទំពាំងបាយជូររបស់ព្រះករុណាទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្ដូងរបស់ព្រះករុណាដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំ ដោយឥតងាកទៅឆ្វេង ឬងាកទៅស្ដាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ព្រះករុណា»។
18. ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ទឹកដីរបស់យើងដាច់ខាត បើមិនដូច្នោះទេ យើងនឹងលើកទ័ពចេញទៅវាយប្រហារអ្នករាល់គ្នាជាមិនខាន!»។
19. ជនជាតិអ៊ីស្រាអែលទូលស្ដេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។