12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសម្តែងឲ្យកូនចៅអ៊ីស្រាអែលស្គាល់ភាពវិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំនុំនេះចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យពួកគេឡើយ»។
13. គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។
14. លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
15. បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។
16. យើងខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវតា*មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។
17. យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចម្ការទំពាំងបាយជូររបស់ព្រះករុណាទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្ដូងរបស់ព្រះករុណាដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំ ដោយឥតងាកទៅឆ្វេង ឬងាកទៅស្ដាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ព្រះករុណា»។
18. ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ទឹកដីរបស់យើងដាច់ខាត បើមិនដូច្នោះទេ យើងនឹងលើកទ័ពចេញទៅវាយប្រហារអ្នករាល់គ្នាជាមិនខាន!»។
19. ជនជាតិអ៊ីស្រាអែលទូលស្ដេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។
20. ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ដាច់ខាត!»។ ជនជាតិអេដុមលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទាំងប្រដាប់អាវុធ ចេញទៅទប់ជនជាតិអ៊ីស្រាអែល
21. មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រាអែលក៏ដើរវាងទឹកដីរបស់គេ។