1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2. «ជនជាតិអ៊ីស្រាអែលត្រូវបោះជំរំនៅក្បែរបង្គោលសម្គាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញពន្លាជួបព្រះអម្ចាស់ តែនៅឆ្ងាយបន្តិច។
3. នៅខាងមុខគេ គឺនៅទិសខាងកើត ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាយូដា។ មេដឹកនាំរបស់កុលសម្ព័ន្ធយូដា គឺណាសូន ជាកូនរបស់អមីណាដាប់។
4. កងពលរបស់យូដាមានចំនួន ៧៤ ៦០០ នាក់។
5. កុលសម្ព័ន្ធអ៊ីសាខារបោះជំរំជាប់នឹងកុលសម្ព័ន្ធយូដា មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ។
6. កងពលរបស់អ៊ីសាខារមានចំនួន ៥៤ ៤០០ នាក់។
7. បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប់យូឡូន គឺអេលាប ជាកូនរបស់ហេឡូន។
8. កងពលរបស់សាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។
9. កងទ័ពស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនោះចេញទៅមុនគេបង្អស់។
10. នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអើរ។
11. កងពលរបស់រូបេនមានចំនួន ៤៦ ៥០០ នាក់។
12. កុលសម្ព័ន្ធស៊ីម្មានបោះជំរំជាប់នឹងកុលសម្ព័ន្ធរូបេន មេដឹកនាំរបស់កុលសម្ព័ន្ធស៊ីម្មាន គឺស្លូមាល ជាកូនរបស់ស៊ូរីសាដាយ។
13. កងពលរបស់ស៊ីម្មានមានចំនួន ៥៩ ៣០០ នាក់។
14. បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីសាប ជាកូនរបស់ដេហ៊ូអែល។