1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2. «នេះជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យនាំគោញីពណ៌ទង់ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។
3. ចូរប្រគល់គោញីនេះឲ្យបូជាចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។
4. បូជាចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខពន្លាជួបព្រះអម្ចាស់។
5. ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។
6. បូជាចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។
7. បូជាចារ្យត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មក បូជាចារ្យវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។
8. រីឯអ្នកដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរ តែគាត់នៅសៅហ្មង រហូតទល់ល្ងាច។
9. ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង រើសធាតុរបស់គោញីនោះទុកនៅខាងក្រៅជំរំ ត្រង់កន្លែងមួយបរិសុទ្ធ។ ត្រូវរក្សាធាតុនោះទុក ដើម្បីសហគមន៍អ៊ីស្រាអែលយកទៅលាយធ្វើជាទឹក សម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធ។ ពិធីនេះដូចជាយញ្ញបូជារំដោះបាបដែរ។
10. អ្នករើសធាតុរបស់គោញីត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគេនៅសៅហ្មងដូច្នេះ រហូតទល់ល្ងាច។ នេះជាច្បាប់ដែលជនជាតិអ៊ីស្រាអែល និងជនបរទេសរស់នៅក្នុងចំណោមពួកគេ ត្រូវប្រតិបត្តិតាមរហូតតទៅ។