6. យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រាអែល ប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
7. ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាបូជាចារ្យ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាបូជាចារ្យនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «យើងឲ្យអ្នកទទួលខុសត្រូវលើអ្វីៗដែលប្រជាជនញែកទុកសម្រាប់យើង។ យើងប្រគល់តង្វាយនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកំរៃ សម្រាប់មុខងារដែលយើងបានតែងតាំងអ្នកឲ្យបំពេញ ជារៀងរហូតតទៅ។
9. ក្នុងបណ្ដាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកថ្វាយយើង មានតង្វាយផ្សេងៗ តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។
10. ត្រូវបរិភោគរបស់ទាំងនេះនៅក្នុងកន្លែងដ៏សក្ការៈ គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតរបស់ទាំងនោះសុទ្ធតែសក្ការៈសម្រាប់អ្នក។
11. ចំណែកដែលអ្នកអាចយកបានទៀតនោះ គឺអ្វីៗទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលយកមកលើកថ្វាយ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ ក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។
12. យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។
13. ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកថ្វាយយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។
14. អ្វីៗដែលជនជាតិអ៊ីស្រាអែលថ្វាយផ្ដាច់ដល់យើង នោះយើងប្រគល់ឲ្យអ្នក។
15. កូនដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។
16. ត្រូវឲ្យគេលោះកូនដំបូង ដែលមានអាយុពីមួយខែឡើងទៅ តាមតម្លៃគិតគូររបស់អ្នក គឺប្រាក់ប្រាំណែន គិតតាមទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។
17. ប៉ុន្តែ មិនត្រូវឲ្យគេលោះកូនដំបូងរបស់គោ កូនដំបូងរបស់ចៀម និងកូនដំបូងរបស់ពពែឡើយ ដ្បិតសត្វទាំងនោះត្រូវទុកសម្រាប់ថ្វាយយញ្ញបូជា។ ត្រូវយកឈាមរបស់វាប្រោះនៅលើអាសនៈ ហើយដុតខ្លាញ់វាក្នុងភ្លើង ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។