21. យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រាអែល ឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងពន្លាជួបព្រះអម្ចាស់។
22. មិនត្រូវឲ្យប្រជាជនអ៊ីស្រាអែលចូលមកជិតពន្លាជួបព្រះអម្ចាស់ទៀតឡើយ ក្រែងលោពួកគេទទួលទោស ហើយត្រូវស្លាប់។
23. ពួកលេវីដែលបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាច្បាប់ដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
24. យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។
25. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
26. «ចូរប្រាប់កូនចៅលេវីដូចតទៅ: “ពេលណាជនជាតិអ៊ីស្រាអែលនាំយកភោគផលមួយភាគដប់មកឲ្យអ្នករាល់គ្នា គឺចំណែកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កនោះ អ្នករាល់គ្នាត្រូវញែកមួយភាគដប់ពីភោគផលមួយភាគដប់ ថ្វាយព្រះអម្ចាស់។
27. តង្វាយមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាតង្វាយ ដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។
28. ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។
29. ភោគផលដែលប្រជាជនយកមកជូនអ្នករាល់គ្នានោះ ត្រូវញែកមួយចំណែកថ្វាយព្រះអម្ចាស់ គឺញែកមួយផ្នែកដ៏ល្អវិសេសជាចំណែកសក្ការៈ”។
30. ចូរប្រាប់ពួកលេវីថា: ពេលណាអ្នករាល់គ្នាញែកផ្នែកដ៏ល្អវិសេសមួយភាគដប់ហើយ ចំណែកដែលនៅសល់ អ្នករាល់គ្នាត្រូវចាត់ទុកដូចជាស្រូវ និងស្រាទំពាំងបាយជូរ ដែលនៅសល់របស់ប្រជាជនដែរ។
31. អ្នករាល់គ្នាបរិភោគភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកំរៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងពន្លាជួបព្រះអម្ចាស់។
32. ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាបនៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្ដាលឲ្យតង្វាយដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។