19. អ្វីៗដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នក រហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នក ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែឡើយ»។
20. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកនឹងគ្មានទឹកដីជាកេរមត៌កនៅក្នុងស្រុក ហើយក៏គ្មានចំណែកអ្វីរួមជាមួយពួកគេដែរ គឺយើងផ្ទាល់ជាចំណែកមត៌ករបស់អ្នក នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។
21. យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រាអែល ឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងពន្លាជួបព្រះអម្ចាស់។
22. មិនត្រូវឲ្យប្រជាជនអ៊ីស្រាអែលចូលមកជិតពន្លាជួបព្រះអម្ចាស់ទៀតឡើយ ក្រែងលោពួកគេទទួលទោស ហើយត្រូវស្លាប់។
23. ពួកលេវីដែលបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាច្បាប់ដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
24. យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។
25. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
26. «ចូរប្រាប់កូនចៅលេវីដូចតទៅ: “ពេលណាជនជាតិអ៊ីស្រាអែលនាំយកភោគផលមួយភាគដប់មកឲ្យអ្នករាល់គ្នា គឺចំណែកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កនោះ អ្នករាល់គ្នាត្រូវញែកមួយភាគដប់ពីភោគផលមួយភាគដប់ ថ្វាយព្រះអម្ចាស់។
27. តង្វាយមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាតង្វាយ ដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។
28. ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។