ជន‌គណនា 16:6-22 Khmer Standard Version (KHSV)

6. ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក

7. ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​វិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។

8. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្ដាប់!

9. ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះ‌អង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?

10. ព្រះ‌អង្គ​ឲ្យ​លោក និង​បង‌ប្អូន​របស់​លោក​ទាំង​អស់ ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ព្រះ‌អង្គ​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ថែម​ទៀត!

11. ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ តើ​លោក​អើរ៉ុន​ជា​អ្វី បាន​ជា​ពួក​លោក​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។

12. លោក​ម៉ូសេ​ចាត់​ឲ្យ​គេ​ទៅ​ហៅ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលាប។ លោក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ!

13. លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?

14. លោក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចម្ការ ឬ​ចម្ការ​ទំពាំង‌បាយជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​លោក​ស្មាន​ថា​ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។

15. លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​កុំ​រវី‌រវល់​នឹង​តង្វាយ​របស់​ពួក​គេ​ឡើយ។ ទូលបង្គំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក៏​ទូលបង្គំ​មិន​បាន​យក​ដែរ ទូលបង្គំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។

16. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អើរ៉ុន

17. ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ​រយ​ហា‌សិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ រីឯ​លោក​អើរ៉ុន និង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។

18. ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

19. លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​លោក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

21. «ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។

22. លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទូល​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ព្រះ‌អង្គ​គួរ​ព្រះ‌ពិរោធ​នឹង​សហគមន៍​ទាំង​មូល​ឬ?»។

ជន‌គណនា 16