32. ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។
33. ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។
34. ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសម្រែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។
35. មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
36. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
37. «ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន ឲ្យយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលឲ្យឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។
38. ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយព្រះអម្ចាស់»។
39. បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ
40. ទុកជាទីរំឭកដល់ជនជាតិអ៊ីស្រាអែលថា ក្រៅពីពូជពង្សរបស់លោកអើរ៉ុន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោសដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
41. នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «លោកទាំងពីរបានធ្វើឲ្យប្រជាជនរបស់ព្រះអម្ចាស់បាត់បង់ជីវិត!»។
42. សហគមន៍លើកគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏លេចមកដែរ
43. លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។