ជន‌គណនា 16:30-41 Khmer Standard Version (KHSV)

30. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អម្ចាស់​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់‌ងាយ​ព្រះ‌អម្ចាស់​មែន»។

31. លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

32. ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។

33. ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។

34. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​នៅ​ជុំ‌វិញ ឮ​សម្រែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។

35. មាន​ភ្លើង​ចេញ​មក​ពី​ព្រះ‌អម្ចាស់ ឆេះ​កម្ទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ថ្វាយ​គ្រឿង​ក្រអូប​នោះ​ដែរ។

36. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

37. «ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។

38. ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់»។

39. បូជា‌ចារ្យ​អេឡាសារ​ក៏​យក​ពាន​លង្ហិន ដែល​អស់​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ថ្វាយ​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ

40. ទុក​ជា​ទី​រំឭក​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ក្រៅ​ពី​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។

41. នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​បាត់​បង់​ជីវិត!»។

ជន‌គណនា 16