28. លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!
29. ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំឲ្យមកទេ។
30. ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។
31. លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា
32. ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។
33. ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។
34. ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសម្រែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។
35. មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
36. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
37. «ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន ឲ្យយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលឲ្យឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។
38. ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយព្រះអម្ចាស់»។
39. បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ
40. ទុកជាទីរំឭកដល់ជនជាតិអ៊ីស្រាអែលថា ក្រៅពីពូជពង្សរបស់លោកអើរ៉ុន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោសដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
41. នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «លោកទាំងពីរបានធ្វើឲ្យប្រជាជនរបស់ព្រះអម្ចាស់បាត់បង់ជីវិត!»។
42. សហគមន៍លើកគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏លេចមកដែរ
43. លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
44. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
45. «ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី។
46. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។