27. ប្រជាជនក៏ថយចេញឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។
28. លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!
29. ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំឲ្យមកទេ។
30. ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។
31. លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា
32. ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។
33. ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។
34. ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសម្រែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។
35. មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
36. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
37. «ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន ឲ្យយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលឲ្យឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។
38. ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយព្រះអម្ចាស់»។
39. បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ