11. ត្រូវថ្វាយគោឈ្មោល ចៀមឈ្មោល កូនចៀម ឬកូនពពែតាមរបៀបនេះ។
12. សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។
13. ជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើ នៅពេលថ្វាយតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14. ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ថ្វាយតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវថ្វាយតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ
15. គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្ដី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្ដី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្ដី ឬអ្នករាល់គ្នាក្ដី។
16. មានក្រឹត្យវិន័យតែមួយ ច្បាប់តែមួយ សម្រាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
18. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាទៅដល់ស្រុកដែលយើងនាំអ្នករាល់គ្នាឲ្យចូលទៅនៅ ហើយពេលអ្នករាល់គ្នាបានអាហារពីស្រុកនោះបរិភោគ
19. ត្រូវញែកមួយចំណែកទុកជាតង្វាយថ្វាយព្រះអម្ចាស់។
20. ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំថ្វាយព្រះអម្ចាស់ ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។
21. ត្រូវញែកម្សៅដំបូង ធ្វើនំថ្វាយព្រះអម្ចាស់ តាមរបៀបនេះគ្រប់តំណតទៅ។
22. ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុស ដោយអចេតនា គឺមិនប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ
23. ហើយមិនប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់មកលោកម៉ូសេ ចាប់ពីថ្ងៃដែលព្រះអម្ចាស់ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក
24. ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ រួមជាមួយតង្វាយម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមវិន័យ។ សហគមន៍ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជារំដោះបាបដែរ។
25. បូជាចារ្យត្រូវធ្វើពិធីរំដោះបាបសម្រាប់សហគមន៍អ៊ីស្រាអែលទាំងមូល នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកតង្វាយដុត ព្រមទាំងសត្វដែលត្រូវធ្វើយញ្ញបូជា មកថ្វាយព្រះអម្ចាស់ សម្រាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។
26. ព្រះអម្ចាស់នឹងអត់ទោសឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។
27. ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយអាយុមួយខួប ជាយញ្ញបូជារំដោះបាប។
28. បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមិនដឹងខ្លួន និងដោយអចេតនា នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យ។
29. ក្រឹត្យវិន័យស្ដីពីអំពើបាបដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។