33. កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។
34. អ្នករាល់គ្នាបានទៅសង្កេតមើលស្រុក អស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួនចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះ អ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។
35. យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។
36. អស់អ្នកដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញ បាននិយាយបង្ខូចស្រុកធ្វើឲ្យសហគមន៍ទាំងមូលរអ៊ូរទាំប្រឆាំងនឹងលោក
37. គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ដោយគ្រោះកាចមួយ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។
38. ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។
39. លោកម៉ូសេបាននាំព្រះបន្ទូលទាំងនេះទៅប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ ធ្វើឲ្យប្រជាជនព្រួយចិត្តយ៉ាងខ្លាំង។
40. ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែលព្រះអម្ចាស់មានព្រះបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។
41. លោកម៉ូសេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់ដូច្នេះ? អ្នករាល់គ្នានឹងពុំសម្រេចតាមបំណងឡើយ។
42. កុំឡើងទៅធ្វើអ្វី! ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ។ កុំទុកឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។
43. ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីព្រះអង្គ»។