24. រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើល ពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
25. ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រកក់វិញ»។
26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនដូចតទៅ៖
27. «តើសហគមន៍ដ៏អាក្រក់នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រាអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។
28. ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។
29. អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។
30. អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេ ជាកូនរបស់នូន។
31. រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថាគេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។
32. ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាននេះ។
33. កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។
34. អ្នករាល់គ្នាបានទៅសង្កេតមើលស្រុក អស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួនចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះ អ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។
35. យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។
36. អស់អ្នកដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញ បាននិយាយបង្ខូចស្រុកធ្វើឲ្យសហគមន៍ទាំងមូលរអ៊ូរទាំប្រឆាំងនឹងលោក
37. គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ដោយគ្រោះកាចមួយ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។
38. ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។