18. “ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គលើកលែងទោស និងកំហុស ប៉ុន្តែ ព្រះអង្គមិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។
19. សូមមេត្តាអត់ទោសឲ្យប្រជាជននេះ តាមព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ ដូចព្រះអង្គតែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។
20. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសុខចិត្តអត់ទោសឲ្យពួកគេ តាមពាក្យរបស់អ្នក!
21. ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា:
22. អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។
23. ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។
24. រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើល ពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
25. ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រកក់វិញ»។
26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនដូចតទៅ៖
27. «តើសហគមន៍ដ៏អាក្រក់នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រាអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។
28. ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។
29. អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។
30. អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេ ជាកូនរបស់នូន។
31. រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថាគេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។
32. ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាននេះ។
33. កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។