1. សហគមន៍អ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។
2. ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។
3. ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។
4. ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។
5. លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។
6. ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន
7. ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។
8. ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។
9. សូមបងប្អូនកុំបះបោរប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
10. ពេលនោះ សហគមន៍ទាំងមូលគិតគ្នាបម្រុងយកដុំថ្មគប់សម្លាប់ពួកលោក ប៉ុន្តែ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅលើពន្លាជួបព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ឃើញ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត?
12. យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។
13. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ជនជាតិអេស៊ីបដឹងថា ព្រះអង្គបាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
14. ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញឲ្យពួកគេឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
15. ប្រសិនបើព្រះអង្គប្រហារប្រជាជននេះឲ្យវិនាសទាំងស្រុង ដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីព្រះអង្គនឹងពោលថា: